រថយន្តកុងតឺន័ររាប់ពាន់គ្រឿង បាននិងកំពុងតែជាប់គាំងនៅច្រកព្រំដែនវៀតណាមជាមួយចិន ក្នុងខេត្ត Lang Son ដោយសារបញ្ហាបច្ចេកទេស និងវិធានការរឹតបន្តឹងជំងឺកូវីដ១៩។
យោងតាមប្រភពព័ត៌មាន និងទិន្នន័យក្នុងស្រុកបានឲ្យដឹងថា មានរថយន្តដឹកទំនិញចំនួន ៤ ៥៥០ គ្រឿង កំពុងតម្រង់ជួរបន្តកន្ទុយគ្នា ក្បែរព្រំដែនចិន គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
គួរឲ្យដឹងថា ការពន្យារពេលនៃការអនុញ្ញាតឲ្យរថយន្តកុងតឺន័រទៅនេះ គឺដោយសារតែអាជ្ញាធរចិនបានរឹតបន្តឹងវិធានការសុវត្ថិភាពកូវីដ១៩។ លោក Hoang Khanh Duy អនុប្រធានតំបន់សេដ្ឋកិច្ច Dong Dang នៅ Lang Son បាននិយាយថា ពួកគេក៏បានរាយការណ៍ពីការលំបាកផ្នែកបច្ចេកទេស នៅក្នុងប្រព័ន្ធបណ្តាញរបស់ពួកគេផងដែរ។
ក្រៅពីនោះ លោក Hoang Khanh Duy បាននិយាយថា ការពន្យាពេលក្នុងការអនុញ្ញាតនេះ ក៏កើតមាននៅក្នុងតំបន់ផ្សេងទៀត រួមទាំងខេត្ត Quang Ninh និង Cao Bang ព្រមទាំង Lao Cai ទៀតផង។
យ៉ាងណាមិញ រថយន្តដឹកទំនិញជាច្រើនបានជាប់គាំងអស់រយៈពេលជាង ១០ ថ្ងៃមកហើយ ខណៈពេលដែលអ្នកបើកបរមិនអាចចាកចេញពីតំបន់នោះឡើយ៕