ក្រុមហ៊ុនតាក់ស៊ីឈានមុខគេនៅទីក្រុងប៉ារីស G7 បានផ្អាកការប្រើប្រាស់រថយន្ត Tesla Model 3 នៅក្នុងកងនាវារបស់ខ្លួន បន្ទាប់ពីមានឧបទ្ទវហេតុគ្រោះថ្នាក់មួយ ពាក់ព័ន្ធនឹងរថយន្ត Tesla កាលពីចុងសប្តាហ៍។
អគ្គនាយកក្រុមហ៊ុន G7 លោក Yann Ricordel បាននិយាយថា អ្នកបើកតាក់ស៊ីរបស់ខ្លួន (មិនស្ថិតក្នុងម៉ោងការងារ) ម្នាក់ បាននាំគ្រួសាររបស់គេទៅភោជនីយដ្ឋានមួយកន្លែង នៅពេលដែលគ្រោះថ្នាក់បានកើតឡើង កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ឧបទ្ទវហេតុនោះបានសម្លាប់មនុស្សម្នាក់ ខណៈមនុស្ស ២០នាក់ផ្សេងទៀតបានរងរបួស ដោយក្នុងចំណោមនោះមាន ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបារាំង បានឲ្យដឹងថា រថយន្តបង្កហេតុបានបុកអ្នកជិះកង់ និងអ្នកថ្មើរជើង ៣នាក់ មុនពេលបុកជាមួយរថយន្តមួយគ្រឿង ដែលបណ្តាលឲ្យមនុស្ស ៧នាក់បានរងរបួសធ្ងន់។
ក្រុមហ៊ុន G7 បាននិយាយថា ខ្លួននឹងផ្អាកការប្រើប្រាស់រថយន្ត Tesla Model 3 ចំនួន ៣៧ គ្រឿងនៅក្នុងកងនាវារបស់ខ្លួន រហូតដល់ការស៊ើបអង្កេតរបស់ប៉ូលីសលើករណីនេះ ត្រូវបានបញ្ចប់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla មិនបានធ្វើការឆ្លើយតបភ្លាមៗ ពាក់ព័ន្ធជាមួយនឹងករណីខាងលើនេះឡើយ៕