រហូតមកដល់ពេលថ្មីៗនេះ អ្នកអភិវឌ្ឍន៍ថាមពលកកើតឡើងវិញដ៏ធំបំផុតរបស់ឥណ្ឌា បានផ្តោតលើការសាងសង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំ ដោយប្រើបន្ទះមានតំលៃថោកដែលនាំចូលពីប្រទេសចិន។
ឥឡូវនេះ ក្រុមហ៊ុន ReNew Energy Global PLC របស់ប្រទេសឥណ្ឌា និងដៃគូសហការណ៍ គ្រោងនឹងផលិតបន្ទះ និងសមាសធាតុផ្សេងទៀតដោយខ្លួនឯង ដែលជាផ្នែកមួយនៃយុទ្ធនាការ ផលិតទាំងស្រុងដោយប្រទេសឥណ្ឌា ដើម្បីកាត់បន្ថយការនាំចូលលើខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យពីប្រទេសចិន។
ឥណ្ឌា ដែលជាប្រទេសបញ្ចេញកាបូនធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក គ្រោងនឹងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជាមួយនឹងការបង្កើនថាមពលកកើតឡើងវិញដ៏ធំ។ ប៉ុន្តែវាចង់បង្កើតឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យក្នុងស្រុករបស់ខ្លួន ដើម្បីចៀសវាងការពឹងផ្អែកលើគូប្រជែងដ៏សំខាន់ក្នុងតំបន់។
គួរឲ្យដឹងដែរថា នៅក្នុងសន្និសីទអាកាសធាតុ COP26 កាលពីខែមុន នៅទីក្រុង Glasgow នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា ប្រទេសរបស់ខ្លួននឹងលុបបំបាត់ការបំភាយកាបូនសុទ្ធ ត្រឹមឆ្នាំ ២០៧០។
មិនតែប៉ុណ្ណោះ លោកក៏បានសន្យាថា ឥណ្ឌានឹងបំពេញតម្រូវការថាមពលពាក់កណ្តាលរបស់ខ្លួន ជាមួយនឹងថាមពលកកើតឡើងវិញនៅឆ្នាំ ២០៣០ ដោយបង្កើនសមត្ថភាពថាមពលពន្លឺព្រះអាទិត្យ ៣ដង ដល់ជិត ៣០០ ជីហ្គាវ៉ាត់ ដែលស្មើនឹងប្រហែល ៤០% នៃអ្វីដែលពិភពលោកទាំងមូលបានដំឡើងឥឡូវនេះ៕