ក្រុមហ៊ុន TVS Motor របស់ប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃពុធ ទី១៥ ធ្នូ ថា ខ្លួននឹងអភិវឌ្ឍម៉ូតូអគ្គិសនី ជាមួយនឹងក្រុមហ៊ុន BMWនៅក្នុងប្រទេសឥណ្ឌា។
នៅព្រឹកថ្ងៃដដែលនោះ ភាគហ៊ុនរបស់ក្រុមហ៊ុន TVS បានកើនឡើងដល់ទៅ ៧,៤ ភាគរយ បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ក្រុមហ៊ុនទំនងជានឹងប្រកាសពីសម្ព័ន្ធភាពរួមគ្នាសម្រាប់ផលិត និងនាំចេញម៉ូតូអគ្គិសនីពីប្រទេសឥណ្ឌា។
ការចាប់ដៃគ្នានេះត្រូវបានធ្វើឡើង ស្របពេលដែលក្រុមហ៊ុនទើបចាប់ផ្តើមថ្មី ដូចជា Ola Electric និង Ather កំពុងបង្កើនការវិនិយោគលើម៉ូតូអគ្គិសនី ដោយបង្ខំឲ្យក្រុមហ៊ុនផលិតម៉ូតូ ដូចជា TVS និង Bajaj Auto ធ្វើតាម។
ក្រុមហ៊ុនផលិតរថយន្តកំពូលៗដូចជា Mahindra & Mahindra និង Tata Motors ក៏កំពុងវិនិយោគយ៉ាងច្រើននៅក្នុងយានយន្តអគ្គិសនីដែរ ខណៈដែលប្រទេសឥណ្ឌា បាននិងកំពុងលើកទឹកចិត្តក្រុមហ៊ុនផលិតរថយន្តឲ្យផលិតយានយន្តអគ្គិសនីវិញ ដើម្បីកាត់បន្ថយការបំពុល និងការនាំចូលប្រេងឥន្ធនៈ៕