យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសឥណ្ឌាបានអនុម័តផែនការលើកទឹកចិត្ត ចំនួន ១០ ពាន់លានដុល្លារអាមេរិក ដើម្បីទាក់ទាញអ្នកផលិតបន្ទះឈីបអេឡិចត្រូនិក និងក្រុមហ៊ុនផលិតអេក្រង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតខ្លួនជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិកសកល។
ក្នុងនោះ ក្រុមហ៊ុន Tower Semiconductor របស់អ៊ីស្រាអែល, ក្រុមហ៊ុន Foxconn និងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី សុទ្ធសឹងតែបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតអង្គភាពផលិតបន្ទះឈីបអេឡិចត្រូនិក នៅក្នុងប្រទេសឥណ្ឌា។
មិនតែប៉ុណ្ណោះ Vedanta Group ក៏មានបំណងចង់បង្កើតរោងចក្រផលិតអេក្រង់របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌាផងដែរ។
លើសពីនេះទៅទៀត រដ្ឋញូវដេលី ក៏បានអនុម័តគម្រោងការ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុកចំនួន ១០០ ក្នុងការរចនាបន្ទះឈីបអេឡិចត្រូនិក ផងដែរ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា Ashwini Vaishnaw បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ។
គួរឲ្យដឹងថា ប្រទេសឥណ្ឌា គឺជាអ្នកផលិតស្មាតហ្វូនធំជាងគេទី២ របស់ពិភពលោក ហើយបានប្រកាសពីផែនការនេះ ស្របពេលដែលក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យា កំពុងជួបបញ្ហាកង្វះខាតបន្ទះឈីបអេឡិចត្រូនិកជាសកល៕