ធនាគារ ABA សូមប្រកាសការវិនិយោគនូវទឹកប្រាក់ ៣០លានដុល្លារអាមេរិក លើសញ្ញាបណ្ណសាជីវកម្ម ដើម្បីចូលរួម ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ពីមុនត្រូវបានស្គាល់ថាជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី)។
ពិធីចុះហត្ថលេខាលើការវិនិយោគត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ធ្នូ រវាងធនាគារ ABA និង ក្រុមហ៊ុនអូវើស៊ី ខេមបូឌានអ៊ិនវេសមិន ឯ.ក (OCIC) រួមជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាកាសយានដ្ឋាននេះ នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំដែលនឹងជួយបង្កើនការវិនិយោគរបស់ប្រទេស និងការទាក់ទាញផ្នែកទេសចរណ៍។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ពាក់ព័ន្ធនឹងការវិនិយោគនេះ ថា “យើងមានមោទនភាពក្នុងការចូលរួមដល់ការកសាងសមិទ្ធផលដ៏លេចធ្លោមួយនេះរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ។ យើងខ្ញុំនៅធនាគារ ABA ជឿជាក់ថា គម្រោងដ៏ធំនេះ នឹងមិនត្រឹមតែជួយជំរុញដល់វិសាលភាព សេដ្ឋកិច្ចកម្ពុជានៅទូទាំងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយដល់កំណើនបន្ថែមទៀតនៃវិស័យទេសចរណ៍ និងវិស័យភ័ស្តុភារកម្មនៃសេដ្ឋកិច្ចកម្ពុជាផងដែរ”។
ការវិនិយោគនេះ ធ្វើឡើងស្របតាមបេសកកម្មរបស់ ABA ដែលប្រតិបត្តិការក្នុងនាមជាដៃគូជាមួយធុរកិច្ចកម្ពុជានិងប្រជាជនកម្ពុជា។ ធនាគារបាននឹងកំពុងបន្តចូលរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
ជាក់ស្ដែងភាគហ៊ុនិក ABA បានវិនិយោគទឹកប្រាក់ ១,២ ប៊ីលានដុល្លារអាមេរិកដល់ដើមទុនរបស់ធនាគារ ដែលរួមមានមូលធនភាគហ៊ុនិកជិត ១,១ ប៊ីលានដុល្លារអាមេរិក និង ១០០ លានដុល្លារអាមេរិកនៅក្នុងបំណុលបន្ទាប់បន្សំ។ភាគហ៊ុនិក ABA ជឿជាក់លើសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងបានរក្សាប្រាក់ចំណេញទាំងអស់នៅក្នុងធនាគារជាការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍបន្ថែមទៀតរបស់ ABA និងបុគ្គលិករបស់ខ្លួន។
ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ពន្ធ ធនាគារ ABA ក្នុងរយៈពេលប្រាំឆ្នាំចុង ក្រោយ បានចូលរួមបង់ពន្ធជូនរដ្ឋចំនួន ២០០ លានដុល្លារអាមេរិក។ ធនាគារ ក៏មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយទទួល បានលិខិតសរសើរ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ការចូលរួមចំណែកដល់ការអភិវឌ្ឍ និងភាពរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ ក្នុងនាមជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេលំដាប់ទី ១២ ក្នុងចំណោមអ្នកបង់ពន្ធទាំងអស់ក្នុងឆ្នាំ ២០២០។
ធនាគារ ABA ក៏បានរួមចំណែកជួយដល់វិស័យជាក់ស្ដែងនៃសេដ្ឋកិច្ច តាមរយៈការផ្ដល់ហិរញ្ញវត្ថុដល់អាជីវកម្ម ដែល មានស្ថិរភាព និងផលិតភាពតូចធំនានា និងបានផ្ដល់កម្ចីក្នុងទឹកប្រាក់ ៥,២ប៊ីលានដុល្លារអាមេរិករួចហើយ។ ដោយបច្ចុប្បន្នកំពុងបម្រើអតិថិជនប្រមាណជិត ២លាននាក់ ធនាគារក៏បានរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធឌីជីថលរបស់កម្ពុជា ដែលសម្រួលដល់សេដ្ឋកិច្ចជាតិឲ្យកាន់តែមានប្រសិទ្ធភាព។ កម្មវិធីសេវាធនាគារតាមទូរស័ព្ទ ABA Mobile បានជួយសម្រួលដល់អាជីវកម្ម និងរូបវន្តបុគ្គលជាច្រើន ដោយក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ មានការប្រើប្រាស់ចំនួន ៤០០លានប្រតិបត្តិការ ដែលមានតម្លៃជាទឹកប្រាក់ ២១០ប៊ីលានដុល្លារអាមេរិក។
ការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ ABA ចំពោះការអភិវឌ្ឍប្រទេសជាតិ អាចត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្ដល់ការងារដល់ បុគ្គលិកក្នុងស្រុកប្រមាណជិត ៧ ០០០នាក់ នៅតាមបណ្ដា ៨០សាខានិងបណ្ដាញរបស់ខ្លួន ដោយបន្តវិនិយោគដល់ ការបណ្ដុះបណ្ដាល និងអភិវឌ្ឍបុគ្គលិកជាប្រចាំផងដែរ។
ស្របតាមគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ខ្លួន ធនាគារ ABA បានចូលរួមជាទៀងទាត់ក្នុងកម្មវិធីបរិច្ចាគ និង សប្បុរសធម៌ក្នុងអំឡុងពេលដែលខ្លួនប្រតិបត្តិការធុរកិច្ច។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ធនាគារបានផ្ដល់ជំនួយ ប្រមាណ 1.5លានដុល្លារ ដោយបានគាំទ្រដល់វិស័យសុខាភិបាល កីឡា អប់រំ សកម្មភាពបរិយាបន្នហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាមួយការវិនិយោគទឹកប្រាក់ ៣០លានដុល្លារអាមេរិកក្នុងសញ្ញាបណ្ណអាកាសយានដ្ឋានអន្តរជាតិតេជោ ធនាគារ ABA សូមបង្ហាញជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមបន្ថែមដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពសង្គមស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។
អំពី OCIC
OCIC ជាក្រុមហ៊ុនវិនិយោគដ៏ធំ និងជាសម្ពន្ធអាជីវកម្មក្នុងស្រុកធំមួយនៅកម្ពុជា។ ជំនាញស្នូលរបស់ក្រុមហ៊ុនស្ថិតក្នុងវិស័យអចលនទ្រព្យ, សំណង់, ការគ្រប់គ្រងអចលនវត្ថុ, អប់រំ, សុខាភិបាល, ផ្សារទំនើប, សណ្ឋាគារ, កិនស្រូវ, កម្មន្ដសាលជាដើម ជាមួយនឹងគម្រោងធំៗជាច្រើនដូចជា អាកាសយានដ្ឋានអន្ដរជាតិតេជោ ទីក្រុងកោះពេជ្រ, កោះនរាណ៍, ទីក្រុងរណបជ្រោយចង្វារ, និងទីក្រុងអូឡាំព្យា។
អំពី CAIC
CAIC ជាការវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC)។ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទ្ធិដល់ CAIC ក្នុងការកាន់កាប់ រចនា សាងសង់ ហិរញ្ញប្បទាន ប្រតិបត្តិការ ថែទាំ និងគ្រប់គ្រងគម្រោង អាកាសយានដ្ឋានអន្ដរជាតិតេជោ។