ប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla Inc លោក Elon Musk បាននិយាយនៅថ្ងៃអង្គារថា ក្រុមហ៊ុនផលិតរថយន្តរបស់លោកនឹងទទួលយក Dogecoin ដែលជារូបិយប័ណ្ណគ្រីបតូ ជាការទូទាត់សម្រាប់ទំនិញនៅលើមូលដ្ឋានសាកល្បង ដែលធ្វើឲ្យរូបិយប័ណ្ណគ្រីបតូមួយនេះ កើនឡើងតម្លៃ ២៤ភាគរយ។
លោក Elon Musk បាននិយាយនៅក្នុងសារលើបណ្តាញសង្គម Twitter ថា “ក្រុមហ៊ុន Tesla នឹងធ្វើឲ្យទំនិញមួយចំនួនអាចទិញបានជាមួយ Dogecoin ហើយចាំមើលថាវាដំណើរការយ៉ាងដូចម្តេច”។
Dogecoin ដែលពេញនិយមក្នុងចំណោមវិនិយោគិនលក់រាយ បានឡើងដល់តម្លៃដល់ ០,២០ ដុល្លារ បន្ទាប់ពីសាររបស់លោក Elon បានបង្ហោះ។ គួររំលឹកឲ្យដឹងថា តម្លៃរបស់ Dogecoin ធ្លាប់កើនឡើងដល់ ៥ ៨៥៩ភាគរយ ក្រោយពេលលោក Elon ហៅវាថាជា “people’s crypto” កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ Coinbase។
ទោះបីជាយ៉ាងណាក៏ដោយ លោក Elon Musk មិនបានបញ្ជាក់ថា ទំនិញអ្វី ដែលមានតម្លៃចាប់ពី ៥០ ដុល្លារ និងឡើងដល់ ១ ៩០០ ដុល្លារ អាចទិញបានដោយប្រើ dogecoin ឡើយ៕