ក្រុមហ៊ុន Toyota បានប្រកាសថា ខ្លួននឹងបន្តបញ្ឈប់ការផលិតនៅរោងចក្រមួយចំនួនក្នុងប្រទេសជប៉ុន ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ នៅតែបន្តមានផលប៉ះពាល់ដោយសារតែបញ្ហាសង្វាក់ផ្គត់ផ្គង់។
ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកនេះ បាននិយាយថា រោងចក្រគ្រឿងបន្លាស់របស់ខ្លួននៅអាស៊ីអាគ្នេយ៍បានប្រឈមមុខនឹងការរំខាន ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ ក្នុងនោះ ការផលិតរថយន្ត Land Cruiser និង Lexus នឹងត្រូវរងការយឺតយ៉ាវ។
ក្រុមហ៊ុន Toyota បាននិយាយថា ការបាត់បង់ផលិតកម្មពីការបញ្ឈប់ចុងក្រោយបំផុតនេះ នឹងមានចំនួនសរុបប្រហែល ១៤ ០០០ គ្រឿង នៅក្នុងខែធ្នូ។
យ៉ាងណាមិញ ក្រុមហ៊ុន Toyota បានបញ្ជាក់ទៀតថា ការបញ្ឈប់នេះគឺដោយសារតែ “អត្រាចូលរួមទាបពីអ្នកផ្គត់ផ្គង់នៅអាស៊ីអាគ្នេយ៍ ដោយសារការរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ និងស្ថានភាពដឹកជញ្ជូនកាន់តែតឹងរ៉ឹងនៅក្នុងប្រទេសជប៉ុន”៕