យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានលក់ភាគហ៊ុនចំនួន ៩៣៤ ០៩១ ផ្សេងទៀត នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ ដែលមានតម្លៃស្មើនឹង ១,០១ ពាន់លានដុល្លារ ដើម្បីបំពេញកាតព្វកិច្ចពន្ធរបស់លោក ទាក់ទងនឹងការអនុវត្តជម្រើសក្នុងការទិញភាគហ៊ុនចំនួន ២,១ លានហ៊ុន។
គួររំលឹកឲ្យដឹងថា កាលពីដើមខែវិច្ឆិកា មហាសេដ្ឋីលំដាប់ពិភពលោករូបនេះ បានបង្ហោះសារថា លោកនឹងលក់ភាគហ៊ុនរបស់ខ្លួនចំនួន ១០ ភាគរយ ប្រសិនបើអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានយល់ព្រម។ ក្នុងនោះ ពួកគេភាគច្រើនបានយល់ព្រមជាមួយការលក់។
ចាប់តាំងពីថ្ងៃទី៨ ខែវិច្ឆិកា មក លោក Musk បានអនុវត្តជម្រើសដើម្បីទិញភាគហ៊ុនចំនួន ១០,៧ លានហ៊ុន និងបានលក់វិញ ១០,១ លានហ៊ុន ក្នុងតម្លៃ ១០,៩ ពាន់លានដុល្លារអាមេរិក។
យ៉ាងណាមិញ បន្ទាប់ពីការអនុវត្តជម្រើសដ៏ច្របូកច្របល់ លោក Musk នៅតែមានជម្រើសក្នុងការទិញហ៊ុនប្រហែល ១០ លានហ៊ុនបន្ថែមទៀតក្នុងតម្លៃ ៦,២៤ដុល្លារក្នុងមួយហ៊ុន ដែលនឹងផុតកំណត់នៅខែសីហា ឆ្នាំក្រោយ៕