ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម គ្រោងនឹងកាត់បន្ថយពន្ធពាក់កណ្តាលលើប្រេងឥន្ធនៈយន្តហោះ សម្រាប់រយៈពេលពេញមួយឆ្នាំក្រោយ ដើម្បីជួយឧស្សាហកម្មអាកាសចរណ៍ ដែលរងគ្រោះយ៉ាងខ្លាំងដោយសារតែកូវីដ១៩។
ក្រសួងខាងលើបាននិយាយនៅក្នុងសេចក្តីព្រាងផែនការ ដែលខ្លួននឹងដាក់ជូនរដ្ឋាភិបាល និងរដ្ឋសភាជាតិថា ពន្ធលើប្រេងឥន្ធនៈយន្តហោះ នឹងត្រូវកាត់បន្ថយពី ៣ ០០០ ដុង (០,១៣ ដុល្លារ) ក្នុងមួយលីត្រ មកត្រឹមតែ ១ ៥០០ ដុង ប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ពន្ធលើប្រេងឥន្ធនៈយន្តហោះបច្ចុប្បន្ន គឺ ២ ១០០ ដុង បន្ទាប់ពីកាត់បន្ថយ ៣០ ភាគរយ ចាប់តាំងពីខែសីហាមក។
ក្រសួងនេះបានបន្ថែមឲ្យដឹងទៀតថា ដោយសន្មតថាក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះពី ៧០ ទៅ ៩៦ លានលីត្រ ដូចគ្នាក្នុងមួយខែដែលពួកគេបានធ្វើកាលពីឆ្នាំមុន នោះនឹងមានការធ្លាក់ចុះនៃប្រាក់ចំណូលពន្ធ ១,៣៩ ទៅ ១,៩ ទ្រីលានដុង ជាមួយនឹងការកាត់បន្ថយពន្ធ ៥០ ភាគរយ៕