ក្រុមហ៊ុន IKEA បានបើកហាងធំបំផុតរបស់ខ្លួន ក្នុងប្រទេសហ្វីលីពីន ដោយមានទំហំប្រហែល ៦៧ ៨០០ម៉ែត្រការ៉េ នៅទីក្រុងម៉ានីល ដែលជាមូលដ្ឋានគ្រឹះនៃផែនការពង្រីកក្រុមហ៊ុននៅអាស៊ី។
គួរឲ្យដឹងថា ហាង IKEA ខាងលើនោះ មានហាង, កន្លែងញ៉ាំអាហារ, Showroom, ឃ្លាំងទំនិញ និង Call Center ជាដើម។ ការបើកដំណើរការហាងថ្មីនេះ បានកើតឡើងនៅពេលដែល IKEA បានពង្រីកវត្តមានពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន ដែលបានបង្ហាញឲ្យឃើញថា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ចំនួនលក់នៅទូទាំងពិភពលោករបស់វាចំនួន ២៦% ត្រូវបានធ្វើឡើងតាមរយៈអនឡាញ។
ក្រុមហ៊ុនដែលមានហាងទំនិញជាង ៤៦០កន្លែង ក្នុងប្រទេសប្រហែល ៦០ នេះ គ្រោងនឹងបន្ថែមទីតាំងជិត ៦០កន្លែងបន្ថែមទៀតក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន។
យ៉ាងណាមិញ ក្រុមហ៊ុន IKEA មិនត្រឹមតែសម្លឹងឆ្ពោះទៅរកទីផ្សារអាស៊ីតែប៉ុណ្ណោះទេ តែវានឹងបោះជំហានដំបូងរបស់ខ្លួនទៅកាន់អាមេរិកខាងត្បូង ដោយបើកសាខានៅទីក្រុង Santiago ប្រទេសឈីលី ទៀតផង៕