ប្រធានាធិបតីរបស់ប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) បានប្រកាសថា ប្រទេសរបស់ខ្លួនគ្រោងនឹងសាងសង់ទីក្រុង Bitcoin នៅឯជើងភ្នំ នៃភ្នំភ្លើងមួយ ដោយប្រើរូបិយប័ណ្ណឌីជីថលនេះសម្រាប់ផ្តល់មូលនិធិដល់គម្រោងនោះ។
លោកប្រធានាធិបតី Nayib Bukele បាននិយាយថា ទីក្រុងនេះនឹងមានរាងជារង្វង់ ដើម្បីតំណាងឲ្យរូបរាងនៃកាក់ដ៏ធំមួយ ហើយនឹងត្រូវបានសាងសង់នៅក្នុងតំបន់ភាគអាគ្នេយ៍ នៃទីក្រុង La Unión។
ជាមួយគ្នានេះដែរ លោកបានបន្ថែមទៀតថា តំបន់នេះនឹងទាញយកអត្ថប្រយោជន៍ពីថាមពលកំដៅរបស់ភ្នំភ្លើង Conchagua ដើម្បីផ្តល់ថាមពលដល់ការជីកយករ៉ែ Bitcoin។
គួរឲ្យដឹងដែរថា អែលសាល់វ៉ាឌ័រ (El Salvador) បានក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលប្រើប្រាស់ Bitcoin ជាការទូទាត់ថ្លៃស្របច្បាប់៕