ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានបើកដំណើរការវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce platform) ថ្មី មានឈ្មោះថា VNAMALL ដែលផ្តោតលើការលក់ផលិតផលនាំចូលពីប្រទេសដែលខ្លួនប្រតិបត្តិការ។
បច្ចុប្បន្ននេះមានផលិតផលចំនួន ៣០០ ប្រភេទហើយ ដែលដាក់លក់នៅលើនោះ ហើយភាគច្រើនជានំ (pastries), ផ្លែឈើ និងស្រា។
ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ខាងលើ ក៏លក់អាហារដែលជាធម្មតាមានលក់នៅលើជើងហោះហើររបស់ខ្លួនផងដែរ។
គួរឲ្យដឹងថា VNAMALL គឺជាគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ក្រុមហ៊ុនដឹកជញ្ជូនវៀតណាមនេះ ដែលកំពុងតស៊ូដើម្បីជម្នះពីផលប៉ះពាល់នៃជំងឺកូវីដ១៩។
យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍ដែលរដ្ឋកាន់កាប់ភាគហ៊ុន ៨៦ ភាគរយខាងលើ បានកត់ត្រាការខាតបង់សរុបចំនួន ១៧,៧៧ ទ្រីលានដុង (៧៨០,៤៨លានដុល្លារ) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា កន្លងទៅនេះ៕