ជាក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន foodpanda មិនត្រឹមតែពង្រីកសេវាកម្មស្ទើរគ្រប់ទឹសទីនោះទេ ថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលនិងលើកស្ទួយជីវភាពដល់ដៃគូររាប់ពាន់នាក់របស់ខ្លួនឲ្យកាន់តែប្រសើរផងដែរ។ ជាក់ស្តែងកាលពីថ្ងៃសុក្រ កន្លងមកនេះក្រុមហ៊ុន foodpanda បានចាប់ដៃសហការដោយចុះអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន Oyika ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអេឡិចត្រូនិកធំមួយនៅកម្ពុជា ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន foodpanda ដោយមានកាចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពីព្រមទាំងតំណាងដៃគូដឹកជញ្ជូនរបស់ foodpanda ផងដែរ។
ការសហការនេះដៃគូទាំងពីរនេះមានគោលដៅរួមក្នុងការចូលរួមកាត់បន្ថយចំណាយដល់ដៃគូដឹកជញ្ជូនរបស់ foodpanda តាមរយៈការដាក់សាកល្បងឲ្យប្រើប្រាស់ម៉ូតូអេឡិងត្រូនិកស្របពេលដែលតម្លៃប្រេងសាំងមានការកើនឡើង។ លើសពីនេះក្រុមហ៊ុនមានចក្ខុវិស័យក្នុងការរួមដៃគ្នាជម្រុញឲ្យមានការយល់ដឹងក៏ដូចជាការចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
លោកស្រី ឡាយ ស៊ីវហួង នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន foodpanda បានថ្លែងថា៖ “ការសហការនេះមិនត្រឹមតែលើកស្ទួយការការពារបរិស្ថាននិងកាត់បន្ថយចំណាយដល់ដៃគូដឹកជញ្ជូនរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ដើតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់សាធារណៈជនទាំងអស់ដែលមានបំណងចង់ក្លាយជាដៃគូដឹកជញ្ជូនរបស់ foodpanda តែពុំមានយានជំនិះផ្ទាល់ខ្លួនមានឱកាសធ្វើជាដៃគូដឹកជញ្ជូនរបស់យើងតាមរយៈការជួលម៉ូតូពី Oyika ក្នុងកម្រៃសមរម្យ”។
លើសពីនេះលោក Carl Jason អគ្គនាយកក្រុមហ៊ុន Oyika Cambodia បានបន្ថែមទៀតថា៖ “យើងសង្ឃឹមយ៉ាងមុតមាំថាការសហការនេះនឹងបានចូលរួមលើកស្ទួយការការពារបរិស្ថាន ព្រមទាំងជួយលើកកម្ពស់ពីការយល់ដឹងផលប៉ះពាល់បរិស្ថានបន្ថែមទៀត”។