វៀតណាម បានក្លាយជាទីផ្សារដំបូងគេនៅអាស៊ី ដែលទទួលបានគម្រោងទូរសព្ទចល័តឥតគិតថ្លៃ (free mobile plan) របស់ Netflix និងជាប្រទេសទី២ ក្នុងពិភពលោក។
គម្រោងទូរសព្ទចល័ត Android ឥតគិតថ្លៃ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ មើលខ្សែភាពយន្តនៅលើ Netflix ដោយមិនមានពាណិជ្ជកម្មណាមួយឡើយ។ នៅពេលចុះឈ្មោះ មិនចាំបាច់មានព័ត៌មានបង់ប្រាក់ទេ ហើយអ្នកប្រើប្រាស់គ្រាន់តែបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់ពួកគេ ហើយបញ្ជាក់ថា ពួកគេមានអាយុយ៉ាងតិច ១៨ ឆ្នាំ ជាការស្រេច។
គួរឲ្យដឹងថា អ្នកប្រើប្រាស់វៀតណាម នឹងអាចទស្សនារឿងភាគ និងភាពយន្តល្បីៗ ដូចជា “Squid Game, The Witcher, Money Heist និងរឿងផ្សេងៗទៀត។
ក្រុមហ៊ុន Netflix បាននិយាយថា មុខងារទាញយក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលពេលធ្វើដំណើរ ដោយគ្មានការតភ្ជាប់អ៊ីធឺណិត នឹងត្រូវបានផ្តល់ជូនក្រោមគម្រោងឥតគិតថ្លៃ ក្នុងប៉ុន្មានខែខាងមុខនេះ។
សូមបញ្ជាក់ឲ្យដឹងដែរថា កាលពីខែកញ្ញាកន្លងទៅ កេនយ៉ា បានក្លាយជាប្រទេសដំបូងគេ ដែលទទួលបានគម្រោងឥតគិតថ្លៃរបស់ Netflix៕