យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា YouTube នឹងមិនបង្ហាញចំនួន “មិនចូលចិត្ត” ឬ “Dislike” នៅលើវីដេអូទៀតនោះទេ ដែលជាការព្យាយាមធ្វើឱ្យវេទិការបស់ខ្លួន កាន់តែមានភាពរាក់ទាក់ចំពោះ អ្នកបង្កើត (creators)។
អស់រយៈពេលជាច្រើនឆ្នាំ YouTube បានពឹងផ្អែកលើមេដៃតូចៗ ដែលស្ថិតនៅខាងក្រោមវីដេអូនីមួយៗ ជាម៉ែត្រសម្រាប់វាស់ចំណាត់ថ្នាក់មាតិកា។
អ្នកមើល ជាញឹកញាប់បានប្រើប៊ូតុងមេដៃមិនចូលចិត្ត (thumbs-down button) ដើម្បីធ្វើទារុណកម្ម ឬបៀតបៀនអ្នកបង្កើតមួយចំនួន។ នៅពេលដែលទទួលបានចំនួនមិនចូលចិត្តច្រើន នោះវីដេអូនឹងមិនសូវបង្ហាញឲ្យឃើញច្រើននោះទេ តាមរយៈ algorithm របស់ YouTube។
ក្នុងអំឡុងពេលធ្វើតេស្ត YouTube បាននិយាយថា វាបានរកឃើញថាការលាក់ចំនួនមិនចូលចិត្ត អាចកាត់បន្ថយបញ្ហាខាងលើនេះបាន។ ក្រុមហ៊ុនបានសរសេរសារនៅលើ Blog មួយថា “យើងក៏បានឮដោយផ្ទាល់ពីអ្នកបង្កើតតូចៗ និងអ្នកដែលទើបតែចាប់ផ្តើមថា ពួកគេត្រូវបានគេកំណត់គោលដៅដោយអយុត្តិធ៌ម តាមរយៈអាកប្បកិរិយានេះ (dislike)”។
ទោះបីជាយ៉ាងណាក៏ដោយ ប៊ូតុងមិនចូលចិត្ត នៅតែមាន អ្វីដែលបាត់នោះ គឺគ្រាន់តែចំនួននៃការមិនចូលចិត្តប៉ុណ្ណោះ៕