អង្គភាពរបស់ក្រុមហ៊ុន Nissan Motor Co នៅប្រទេសថៃ គ្រោងនឹងជួលបុគ្គលិកថ្មីជាង ២ ០០០ នាក់បន្ថែមទៀត ខណៈដែលក្រុមហ៊ុនព្យាយាមបង្កើនមូលដ្ឋានផលិតកម្មខ្នាតធំចុងក្រោយរបស់ខ្លួន នៅអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Nissan Motor Thailand Co នឹងចាប់ផ្តើមទទួលយកបុគ្គលិកថ្មីនៅរោងចក្ររបស់ខ្លួន នៅក្នុងខេត្ត Samut Prakan។ អង្គភាពខាងលើបានផ្តល់ការងារដល់បុគ្គលិកចំនួន ៤ ១៧១ នាក់ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ដែលមានន័យថាការជួលបុគ្គលិកថ្មីនឹងបង្កើនកម្លាំងពលកម្មនៅក្នុងប្រទេសថៃប្រមាណ ៥០ ភាគរយ។
ការជំរុញការរកបុគ្គលិកថ្មីនៅក្នុងប្រទេសថៃ កើតឡើងនៅពេលដែលក្រុមហ៊ុន Nissan ចាប់ផ្តើមបំពេញភារកិច្ចដ៏ធំធេងក្នុងការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការសកលរបស់ខ្លួនឡើងវិញ និងកាត់បន្ថយការចំណាយថេរប្រចាំឆ្នាំ ចំនួន ៣០០ ពាន់លានយ៉េន (២,៩ ពាន់លានដុល្លារ) នៅពេលការលក់ធ្លាក់ចុះ។
មិនតែប៉ុណ្ណោះ កាលពីដើមឆ្នាំនេះ Nissan បានប្រកាសថាខ្លួនអាចនឹងបញ្ឈប់ការផលិតយានយន្តនៅរោងចក្រក្នុងប្រទេសឥណ្ឌូនេស៊ីទៀតផង។ ហេតុដូច្នេះហើយ វាធ្វើឲ្យប្រទេសថៃក្លាយខ្លួនជាមជ្ឈមណ្ឌលផលិតកម្មសំខាន់ចុងក្រោយរបស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍៕