យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Rolls-Royce ត្រូវបានគាំទ្រដោយសម្ព័ន្ធអ្នកវិនិយោគឯកជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការអភិវឌ្ឍន៍ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ (nuclear reactors) ខ្នាតតូច ដើម្បីបង្កើតថាមពលស្អាតជាងមុន។
ការបង្កើតក្រុមហ៊ុន Rolls-Royce Small Modular Reactor (SMR) ត្រូវបានប្រកាស បន្ទាប់ពីការបោះទន់សាច់ប្រាក់ចំនួន ១៩៥ លានផោន ពីក្រុមហ៊ុនឯកជន និងជំនួយឥតសំណងចំនួន ២១០ លានផោន ពីរដ្ឋាភិបាលអង់គ្លេស។
ជាមួយគ្នានេះដែរ ពួកគេសង្ឃឹមថា ក្រុមហ៊ុនថ្មីខាងលើនេះអាចបង្កើតការងារបានដល់ទៅ ៤០ ០០០ កន្លែង នៅឆ្នាំ ២០៥០។ ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់និយាយថា ការផ្តោតសំខាន់ គួរតែផ្តោតលើថាមពលកកើតឡើងវិញ មិនមែននុយក្លេអ៊ែរថ្មីនោះទេ។
គួរឲ្យដឹងថា បច្ចុប្បន្ននេះ ប្រហែល ១៦% នៃការផលិតអគ្គិសនីរបស់ចក្រភពអង់គ្លេស បានមកពីថាមពលនុយក្លេអ៊ែរ។ រ៉េអាក់ទ័រម៉ូឌុលតូច (Small modular reactors) គឺជារ៉េអាក់ទ័រនុយក្លេអ៊ែរ (nuclear fission reactors) ប៉ុន្តែមានទំហំតូចជាងធម្មតា។
ការវិនិយោគដោយក្រុមហ៊ុន Rolls-Royce Group, BNF Resources, Exelon Generation និងរដ្ឋាភិបាល នឹងឆ្ពោះទៅរកការអភិវឌ្ឍន៍ការរចនា Small Modular Reactor (SMR) របស់ Rolls-Royce ហើយយកវាឆ្លងកាត់ដំណើរការបទប្បញ្ញត្តិដើម្បីវាយតម្លៃថា តើវាសមស្របក្នុងការដាក់ពង្រាយនៅចក្រភពអង់គ្លេសដែរឬទេ។
មិនតែប៉ុណ្ណោះ វាក៏នឹងកំណត់ទីតាំងដែលនឹងផលិតផ្នែករបស់ម៉ាស៊ីនរ៉េអាក់ទ័រនោះ ហើយការវិនិយោគភាគច្រើននៃក្រុមហ៊ុនបណ្តាក់ទុន ត្រូវបានគេរំពឹងថា នឹងផ្តោតលើភាគខាងជើងនៃចក្រភពអង់គ្លេស ដែលជាកន្លែងមានអ្នកជំនាញនុយក្លេអ៊ែរស្រាប់៕