ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៤,៩% បន្ទាប់ពីអ្នកប្រើប្រាស់ Twitter បានបោះឆ្នោតគាំទ្រលោក Elon Musk ឲ្យលក់ភាគហ៊ុន ១០% របស់លោក នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ ដើម្បីបង់ពន្ធ។
គួររំលឹកឲ្យដឹងថា លោក Musk បានស្ទង់មតិអ្នកប្រើប្រាស់ Twitter ដែលជា Follower របស់លោកថា “តើលោកគួរលក់ភាគហ៊ុនឬអត់” ហើយក្នុងនោះមាន ៥៨% នៃចំនួន Follower សរុប ៣,៥លាននាក់ បានបោះឆ្នោតនិយាយថា “លោកគួរតែលក់”។
សូមបញ្ជាក់ថា ការធ្លាក់ចុះតម្លៃភាគហ៊ុនចំនួន ៤,៩% បានធ្វើឲ្យក្រុមហ៊ុនខាងលើខាតជិត ២១ ពាន់លានដុល្លារឯណោះ។
យ៉ាងណាមិញ លោក Musk បានចោទសួរបែបនេះ គឺដើម្បីឆ្លើយតបទៅនឹង “ពន្ធមហាសេដ្ឋី” ដែលស្នើឡើងដោយគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ លោក Musk ដែលជាមហាសេដ្ឋីមួយរូបក្នុងចំណោមអ្នកមានបំផុតរបស់ពិភពលោក បានសន្យាថា លោកនឹងគោរពតាមលទ្ធផលនៃការបោះឆ្នោត “ទោះជាផ្លូវណាក៏ដោយ”។
គណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានស្នើផែនការកំណត់គោលដៅមហាសេដ្ឋី ដោយការយកពន្ធលើទ្រព្យសម្បត្តិរបស់ពួកគេ ដូចជា ភាគហ៊ុនជាដើម។ មហាសេដ្ឋីតែងតែទទួលបានសំណងជាភាគហ៊ុន ដែលមានន័យថា ទ្រព្យសម្បត្តិរបស់ពួកគេកើនឡើង ឬធ្លាក់ចុះ អាស្រ័យលើតម្លៃភាគហ៊ុន។ ប៉ុន្តែពួកគេគ្រាន់តែបង់ពន្ធលើប្រាក់ចំណេញនៅពេលដែលភាគហ៊ុនត្រូវបានលក់ប៉ុណ្ណោះ៕