ក្រុមហ៊ុន Apple Inc បានជួលអតីតវិស្វករមកពីក្រុមហ៊ុន Tesla Inc ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍រថយន្តរបស់ខ្លួន។ នេះបើតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រ។
របាយការណ៍ខាងលើបានឲ្យដឹងថា ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា បានទាញយកលោក Christopher Moore ចូលមកក្រុមរបស់ខ្លួន ដែលធ្វើការលើរថយន្តបើកបរស្វ័យប្រវត្តិ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple និង Tesla មិនបានឆ្លើយតបភ្លាមៗសម្រាប់ការធ្វើអត្ថាធិប្បាយនោះទេ។
យ៉ាងណាមិញ ដំណឹងនេះកើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានគម្រោងរថយន្តរបស់ក្រុមហ៊ុន Apple លោក Doug Field បានចូលរួមជាមួយក្រុមហ៊ុន Ford Motor Co ដើម្បីដឹកនាំការខិតខំប្រឹងប្រែងផ្នែកបច្ចេកវិទ្យាទំនើប និងប្រព័ន្ធបង្កប់របស់ក្រុមហ៊ុនផលិតរថយន្តខាងលើ៕