ក្រុមហ៊ុន Electronic Arts Inc កាលពីថ្ងៃពុធបានបង្កើនការព្យាករណ៍ការលក់ប្រចាំឆ្នាំរបស់ខ្លួន ដោយសង្ឃឹមខ្លាំងលើហ្គេមបាល់ទាត់របស់ខ្លួន “FIFA” និងការបញ្ចេញហ្គេមថ្មី “Battlefield 2042” នាពេលខាងមុខ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតវីដេអូហ្គេម EA បាននិយាយថា ខ្លួនរំពឹងថានឹងមានការលក់ចំនួន ៧,៦៣ពាន់លានដុល្លារ ធៀបនឹង ៧,៤០ពាន់លានដុល្លារកាលពីមុន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគរំពឹងថា ការលក់របស់ EA អាចនឹងមានត្រឹម ៧,៥៩ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យរបស់ Refinitiv។
យ៉ាងណាមិញ ក្រុមហ៊ុន EA ក៏បានពង្រឹងហ្គេមទូរសព្ទរបស់ខ្លួន ដោយចំណាយប្រាក់រាប់ពាន់លានដុល្លារ លើកិច្ចព្រមព្រៀងសម្រាប់ក្រុមហ៊ុន ដូចជា Glu Mobile, Codemasters និង Playdemic Ltd ផងដែរ។ ប្រាក់ចំណូលសុទ្ធរបស់វាបានកើនឡើងដល់ ២៩៤ លានដុល្លារអាមេរិក ឬ ១,០២ ដុល្លារក្នុងមួយហ៊ុន ពី ១៨៥ លានដុល្លារអាមេរិក ឬ ៦៣សេនក្នុងមួយហ៊ុន កាលពីឆ្នាំមុន៕