យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមតាលីបង់ បានហាមប្រាមការប្រើប្រាស់រូបិយប័ណ្ណបរទេស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលអាចរំខានដល់សេដ្ឋកិច្ចបន្ថែមមួយកម្រិតទៀត។
ក្រុមតាលីបង់បាននិយាយថា “ស្ថានភាពសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិនៅក្នុងប្រទេស តម្រូវឱ្យជនជាតិអាហ្វហ្គានីស្ថានទាំងអស់ប្រើប្រាស់រូបិយប័ណ្ណអាហ្វហ្គានីស្ថាន រាល់ការជួញដូររបស់ពួកគេ”។
គួរឲ្យដឹងដែរថា សេដ្ឋកិច្ចកំពុងជួបការលំបាកដោយសារការដកជំនួយហិរញ្ញវត្ថុពីអន្តរជាតិ បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ប្រទេស។
សូមបញ្ជាក់ដែរថា ប្រាក់ដុល្លារអាមេរិក ធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីផ្សាររបស់ប្រទេសអាហ្វហ្គានីស្ថាន។ ប្រាក់ដុល្លារ ក៏ត្រូវបានគេប្រើជាញឹកញាប់សម្រាប់ពាណិជ្ជកម្ម នៅក្នុងតំបន់ជាប់ព្រំដែនប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថាន ដូចជា ប៉ាគីស្ថាន ជាដើម។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋអ៊ីស្លាមអេមីរ៉ាត ណែនាំប្រជាពលរដ្ឋទាំងអស់ ម្ចាស់ហាង អាជីវករ អ្នករកស៊ី និងសាធារណជនទូទៅ ឱ្យធ្វើប្រតិបត្តិការសាច់ប្រាក់ទាំងអស់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់ពីពេលនេះតទៅ ហើយហាមដាច់ខាតក្នុងការប្រើប្រាស់រូបិយប័ណ្ណបរទេស។ អ្នកណាដែលបំពានលើដីកានេះនឹងប្រឈមមុខនឹងវិធានការផ្លូវច្បាប់”៕