មេក្រុមហ៊ុន Tesla លោក Elon Musk និយាយថា គ្មានកិច្ចសន្យាណាមួយត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Hertz ឡើយ បន្ទាប់ពីក្រុមហ៊ុនរថយន្តជួលមួយនេះ បានប្រកាសកិច្ចព្រមព្រៀងដែលនាំឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla កើនលើសពី ១ទ្រីលានដុល្លារ។
គួរឲ្យដឹងថា កាលពីសប្តាហ៍មុន ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla បានកើនឡើង ១២,៦% បន្ទាប់ពីក្រុមហ៊ុន Hertz បាននិយាយថា ខ្លួនបានបញ្ជាទិញរថយន្តចំនួន ១០០ ០០០ គ្រឿងពី Tesla នៅចុងឆ្នាំ ២០២២។
ទោះបីជាយ៉ាងណាក៏ដោយ លោក Musk បានសរសេរសារនៅលើគណនីបណ្តាញសង្គម Twitter របស់ខ្លួនថា “ខ្ញុំចង់បញ្ជាក់ថា មិនទាន់មានកិច្ចសន្យាណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ”។
យ៉ាងណាមិញ កិច្ចព្រមព្រៀងដែលបានប្រកាសដោយក្រុមហ៊ុន Hertz ជាមួយក្រុមហ៊ុន Tesla គឺជាការបញ្ជាទិញរថយន្តជួលដ៏ធំបំផុតមិនធ្លាប់មាន សម្រាប់រថយន្តអគ្គិសនី។
លោក Mark Fields នាយកបណ្ដោះអាសន្នរបស់ក្រុមហ៊ុន Hertz បាននិយាយថា “រថយន្តអគ្គិសនីឥឡូវនេះកំពុងពេញនិយម ហើយយើងទើបតែចាប់ផ្តើមឃើញការកើនឡើងនូវតម្រូវការ និងការចាប់អារម្មណ៍ជាសកល”៕