ក្រុមហ៊ុន Apple Inc បានបាត់បង់មកុដរបស់ខ្លួន ជាក្រុមហ៊ុនសាធារណៈមានតម្លៃបំផុតរបស់ពិភពលោក ទៅក្រុមហ៊ុន Microsoft Corp កាលពីថ្ងៃសុក្រ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន iPhone នេះ បានធ្លាក់ចុះប្រហែល ២ ភាគរយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Apple បានបាត់បង់ទឹកប្រាក់ចំនួន ៦ ពាន់លានដុល្លារអាមេរិក សម្រាប់ការលក់របស់ខ្លួន ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកលជាបន្តបន្ទាប់។ មេក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ផលប៉ះពាល់នឹងកាន់តែអាក្រក់។
គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១,៨ ភាគរយ នៅសល់ ១៤៩,៨០ដុល្លារក្នុងមួយភាគហ៊ុន ដែលផ្តល់ឲ្យក្រុមហ៊ុននូវតម្លៃមូលធនប័ត្រទីផ្សារចំនួន ២,៤៨ ទ្រីលានដុល្លារ។
ផ្ទុយទៅវិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានកើនឡើង ២,២ ភាគរយ ដល់កម្រិតខ្ពស់បំផុតចំនួន ៣៣១,៦២ ដុល្លារក្នុងមួយភាគហ៊ុន ជាមួយនឹងតម្លៃមូលធនប័ត្រទីផ្សារសរុបចំនួន ២,៤៩ ទ្រីលានដុល្លារ៕