ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics បានប្រកាសពីប្រាក់ចំណេញប្រតិបត្តិការកើនឡើង ២៨% កាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ ខែតុលា ទោះបីជាមានបញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ ក៏ដោយ។
ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ពិភពលោកមួយនេះ បានមើលឃើញប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ឈានដល់ ១៥,៨ទ្រីលានវ៉ុន (១៣,៥ ពាន់លានដុល្លារអាមេរិក) សម្រាប់រយៈពេលពីខែកក្កដា ដល់ខែកញ្ញា។
ជាមួយគ្នានេះដែរ ការលក់របស់វាបានកើនឡើង ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់កំណត់ត្រា ៧៤ទ្រីលានវ៉ុន បន្ទាប់ពីការដំណើរការដ៏រឹងមាំពីផ្នែកបន្ទះឈីបអង្គចងចាំរបស់វា ដោយសារតម្រូវការជាសកលដែលមាននិរន្តរភាព។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លក្ខខណ្ឌទីផ្សារអំណោយផលបានបន្តនៅក្នុងទីផ្សារអង្គចងចាំ (Memory) ដែលផ្តល់លទ្ធផលនៃការលក់ដ៏រឹងមាំ”។
គួរឲ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការដែលទទួលបានពីអាជីវកម្មបន្ទះឈីបរបស់ Samsung Electronics មានចំនួនច្រើនជាង ៦០% នៃចំនួនសរុប ដែលបង្ហាញពីតួនាទីសំខាន់ដែលផ្នែកនេះដើរតួនាទី៕