ក្រុមហ៊ុនរថយន្តជួល Hertz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនអាចពង្រីកផែនការទិញរថយន្ត Tesla ដល់ Uber ដល់ ១៥០ ០០០ គ្រឿង ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ពីការចាប់ផ្តើមដំបូងចំនួន ៥០ ០០០គ្រឿង ប្រសិនបើភាពជាដៃគូរបស់ខ្លួនទទួលបានជោគជ័យ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Hertz បានបន្ថែមថា ការខ្វះខាតបន្ទះឈីប ហើយឧបសគ្គផ្សេងទៀត អាចប៉ះពាល់ដល់ផែនការនោះ។
គួរឲ្យដឹងថា ក្រុមហ៊ុន Hertz កាលពីដើមសប្តាហ៍នេះបាននិយាយថា ខ្លួននឹងបញ្ជាទិញរថយន្ត Tesla ចំនួន ១០០ ០០០ គ្រឿងនៅចុងឆ្នាំ ២០២២ ដែលពាក់កណ្តាលនៃចំនួននេះ នឹងត្រូវបានផ្តល់ជូនផ្តាច់មុខជាជម្រើសជួលសម្រាប់អ្នកបើកបរ Uber ត្រឹមឆ្នាំ ២០២៣។
ក្រុមហ៊ុន Hertz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់សារព័ត៌មាន Reuters ថា “Hertz នឹងចាប់ផ្តើមកម្មវិធីនេះដោយផ្តល់រថយន្តដល់ទៅ ៥០ ០០០ គ្រឿងនៅឆ្នាំ ២០២៣ សម្រាប់អ្នកបើកបរ Uber។ មហិច្ឆតាទាំងនេះអាចត្រូវបានប៉ះពាល់ដោយកត្តាដែលនៅក្រៅការគ្រប់គ្រងរបស់វា ដូចជា ការខ្វះខាតបន្ទះឈីប ឬឧបសគ្គផ្សេងទៀត”៕