យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រោងកុននៅក្នុងទីក្រុងកម្សាន្ត Mumbai របស់ប្រទេសឥណ្ឌា បានបើកដំណើរការឡើងវិញ នៅថ្ងៃសុក្រ ទី ២២ ខែតុលា ឆ្នាំ២០២១ នេះ បន្ទាប់ពីបិទទ្វារអស់រយៈពេលជាង ១៨ ខែ ដោយសារជំងឺរាតត្បាតកូវីដ១៩។
ទោះបីជាយ៉ាងណាក៏ដោយ រោងកុនបានទាំងនោះបានបើកដំណើរការត្រឹមពាក់កណ្តាល ស្របតាមការណែនាំដែលបានចេញផ្សាយកាលពីខែមុន ប៉ុន្តែនៅតែពិបាកទាញភ្ញៀវឲ្យត្រលប់មកវិញ ហើយភាគច្រើនបានចាក់ផ្សាយរឿងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងវិញ។ ក្នុងនោះដែរ ខ្សែភាពយន្តជាច្រើន មានទស្សនិកជនតិចតួចប៉ុណ្ណោះ។
យ៉ាងណាមិញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺនេះ មានតែអ្នកដែលមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬមាន “ស្ថានភាពសុវត្ថិភាព” នៅលើកម្មវិធីសុខភាពដែលគ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឲ្យចូលរោងកុន។
មិនតែប៉ុណ្ណោះ ម៉ាស/របាំងមុខ និងការត្រួតពិនិត្យសីតុណ្ហភាព គឺជាកាតព្វកិច្ច ហើយមិនអនុញ្ញាតឲ្យយកអាហារ ឬភេសជ្ជៈណាមួយចូលទៅខាងក្នុងឡើយ។ ជាមួយគ្នានេះដែរ រោងកុននៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា ក៏កំពុងបើកដំណើរការរួចទៅហើយ៕