មេដឹកនាំកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ ថា ប្រទេសនាំចេញប្រេងឆៅកំពូលអារ៉ាប៊ីសាអូឌីត នឹងមានបំណងសម្រេចបាននូវផែនការ “គ្មានការបំភាយកាបូន” នៅឆ្នាំ ២០៦០។ ការលើកឡើងនេះបានធ្វើឡើងប៉ុន្មានប៉ុណ្ណោះ ថ្ងៃមុនកិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក COP26។
ព្រះរាជាណាចក្រខាងលើ ដែលជាប្រទេសមួយនៃការបំពុលដ៏ធំបំផុតរបស់ពិភពលោក បាននិយាយថា ខ្លួនក៏នឹងចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន ឲ្យបាន ៣០ ភាគរយ នៅឆ្នាំ ២០៣០ ផងដែរ។
អង្គការសហប្រជាជាតិនិយាយថា ប្រទេសជាង ១៣០ បានកំណត់ ឬកំពុងពិចារណាលើគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់សូន្យ ត្រឹមឆ្នាំ ២០៥០ ជាគោលដៅដែលខ្លួននិយាយថា “ចាំបាច់” ដើម្បីការពារអាកាសធាតុដែលអាចរស់នៅបាន។
ព្រះអង្គម្ចាស់ Mohammed bin Salman បានមានព្រះបន្ទូលថា “ខ្ញុំប្រកាសនៅថ្ងៃនេះ គោលដៅរបស់អារ៉ាប៊ីសាអូឌីត ក្នុងការឈានដល់ការបំភាយឧស្ម័នសូន្យ នៅឆ្នាំ ២០៦០ តាមរយៈវិធីសាស្រ្តសេដ្ឋកិច្ចកាបូនរាងជារង្វង់ (circular carbon economy)” ហើយបន្ថែមថា “ប្រទេសនេះនឹងធ្វើដូច្នេះ ខណៈពេលដែលរក្សាតួនាទីឈានមុខគេក្នុងការពង្រឹងសន្តិសុខ និងស្ថិរភាពនៃទីផ្សារប្រេងពិភពលោក”៕