Facebook បានប្រកាសពីប្រាក់ចំណេញរបស់ខ្លួន ដែលល្អជាងការរំពឹងទុក សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ ស្របពេលដែលវាបន្តប្រឈមមុខនឹងការចុះផ្សាយមិនល្អ ជុំវិញការលេចធ្លាយឯកសារផ្ទៃក្នុង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រព័ន្ធបណ្តាញសង្គមយក្សខាងលើនេះ រកបានប្រាក់ចំណេញចំនួន ៩ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែ ដល់ខែកញ្ញា កើនឡើងពី ៧,៨ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានរងផលប៉ះពាល់ ពីការអាប់ដេតឯកជនភាពថ្មីនៃប្រព័ន្ធប្រតិបត្តិការ iOS 14 របស់ Apple ដែលធ្វើឲ្យវាកាន់តែពិបាកសម្រាប់ Facebook ក្នុងការកំណត់គោលដៅការផ្សាយពាណិជ្ជកម្មចំពោះអ្នកប្រើប្រាស់ជាក់លាក់។
លោកស្រី Frances Haugen ដែលជាបុគ្គលិករបស់ក្រុមហ៊ុន Facebook បានបញ្ចេញឯកសារផ្ទៃក្នុងមួយជាសាធារណៈដោយចោទប្រកាន់ថា Facebook បានគិតប្រាក់ចំណេញ ជាងសុវត្ថិភាពអ្នកប្រើប្រាស់។
បើយោងតាមរបាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយថា ឯកសារនោះបង្ហាញថា Facebook តែងតែបរាជ័យក្នុងការសម្របសម្រួលមាតិកា ដែលផ្សព្វផ្សាយពីការនិយាយស្អប់ និងការជួញដូរផ្លូវភេទ នៅខាងក្រៅសហរដ្ឋអាមេរិក៕