យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines នឹងចាប់ផ្តើមបើកដំណើរការជើងហោះហើរឡើងវិញជាបណ្តើរៗ លើ ៤០ ផ្លូវ ឬស្ទើរតែទាំងអស់ក្នុងស្រុកទាំងមូលរបស់ខ្លួន នៅខែក្រោយ ដោយផ្តល់អាទិភាពដល់ទីក្រុងហាណូយ, ហូជីមិញ និង ដាណាង។
ជើងហោះហើរជាច្រើនត្រូវបានកំណត់ឡើងវិញនៅលើប្រជុំកោះ Con Dao ខេត្ត Buon Ma Thuot និងខេត្ត Dien Bien ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។
ក្រុមដែលរួមមានក្រុមហ៊ុនអាកាសចរណ៍ Pacific Airlines និងក្រុមហ៊ុន Vietnam Air Services Company (VASCO) នឹងចាប់ផ្តើមដំណើរការផ្លូវចំនួន ៩០ ខ្សែក្នុងមួយថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ហើយនឹងបង្កើនតួលេខនេះដល់ ១២០ ចាប់ពីចុងខែនេះ។
ជាមួយគ្នានេះដែរ វានឹងមានជើងហោះហើរ ៣ដងក្នុងមួយថ្ងៃ រវាងទីក្រុងហាណូយ, ហូជីមិញ និង ដាណាង។ សម្រាប់ទីតាំងផ្សេងទៀត ក្រុមហ៊ុនខាងលើនឹងព្យាយាមមានយ៉ាងហោចណាស់មួយជើងក្នុងមួយថ្ងៃ ដែលអាចកើនឡើងដល់ពីរ អាស្រ័យលើតម្រូវការជាក់ស្តែង។
គួរឲ្យដឹងថា អ្នកដំណើរអាចហោះហើរបាន ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងការពារគ្រប់ យ៉ាងតិច ១៤ ថ្ងៃ ឬបានជាសះស្បើយពីជំងឺកូវីដ១៩ ឬធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោង៕