យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា iPhone 13 mini ហាក់បីដូចជាម៉ូដែល ដែលមិនសូវចូលចិត្តបំផុតនៃត្រកូលស្មាតហ្វូនចុងក្រោយបង្អស់របស់ Apple ដែលមានត្រឹមតែ ៥ ភាគរយប៉ុណ្ណោះ នៃការបញ្ជាទិញសរុប នៅក្នុងប្រទេសវៀតណាម។
គួរឲ្យដឹងថា iPhone ដែលទទួលបានការចាប់អារម្មណ៍បំផុតនៅក្នុងប្រទេសវៀតណាម គឺ iPhone 13 Pro Max ជាមួយនឹងការបញ្ជាទិញមុន ៧០ ភាគរយ បន្ទាប់មកគឺ iPhone 13 និង iPhone 13 Pro ដែលមានចំនួន ១២,៥ ភាគរយ។ នេះបើយោងតាមទិន្នន័យពីហាងលក់រាយដែលទទួលបានដោយ សារព័ត៌មានវៀតណាម VnExpress។
មិនតែប៉ុណ្ណោះ iPhone 13 mini គឺជាម៉ូដែលទំហំតូច និងថោកបំផុត ហើយមិនសូវជាមានលក់ប៉ុន្មានឡើយនៅទីនោះ ដោយសារតែខ្វះការផ្គត់ផ្គង់។
យ៉ាងណាមិញ កាលពីឆ្នាំមុន iPhone 12 mini ក៏ជាម៉ូដែល ដែលគេមិនសូវជាចាប់អារម្មណ៍ច្រើនដែរ ខណៈហាងជាច្រើនបានបញ្ចុះតម្លៃម្តងហើយម្តងទៀត ដើម្បីព្យាយាមលក់ឲ្យដាច់អស់ពីស្តុករបស់ខ្លួន៕