Squid Game ដែលជារឿងភាគកំពុងទទួលបានភាពល្បីល្បាញខ្លាំង និងជារឿងដ៏ធំបំផុតរបស់ក្រុមហ៊ុន Netflix Inc ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជិត ៩០០ លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅល្ងាចថ្ងៃសៅរ៍ទី ១៦ ខែតុលា ដោយដកស្រង់តួលេខពីឯកសារខាងក្នុងរបស់ក្រុមហ៊ុន Netflix ។
រឿងភាគដែលមានសរុប ៩ វគ្គខាងលើនោះ បានចាក់ផ្សាយជាលើកដំបូងកាលពីខែមុន ហើយចំណាយដើមទុន ២១,៤លានដុល្លារដើម្បីផលិត។
យោងតាមរបាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះមានមនុស្សប្រហែល ១៣២ លាននាក់បានមើល ក្នុងរយៈពេល ២៣ ថ្ងៃដំបូងរបស់វា ធ្វើឲ្យវាបំបែកកំណត់ត្រារឿង Bridgerton របស់អង់គ្លេស ដែលមានអ្នកមើលត្រឹម ៨២លាននាក់ ក្នុងរយៈពេល ២៨ថ្ងៃដំបូង។
ទីភ្នាក់ងារព័ត៌មានខាងលើបានប៉ាន់ប្រមាណថា មនុស្ស ៨៩ ភាគរយដែលបានចាប់ផ្តើមមើលរឿងនេះ បានមើលច្រើនជាង ១ភាគ ហើយក្នុងនោះមានអ្នកមើល ៦៦ ភាគរយ បានមើលរឿងនេះចប់ ក្នុងរយៈពេល ២៣ ថ្ងៃដំបូងរបស់វា៕