យោងតាមសមាគមស្បែកជើង និងកាបូបវៀតណាម (Lefaso) បានឲ្យដឹងថា ការនាំចេញស្បែកជើងរបស់វៀតណាម បានធ្លាក់ចុះ ៤៤,២ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង ៧០០ លានដុល្លារ នៅក្នុងខែកញ្ញា។ ទន្ទឹមនឹងនេះដែរ ការនាំចេញកាបូបក៏បានធ្លាក់ចុះដល់ទៅ ៤៨ ភាគរយផងដែរ។
ទោះជាយ៉ាងណា ឧស្សាហកម្មនេះនៅតែកត់ត្រាកំណើនវិជ្ជមានជារួម ដោយសារសន្ទុះកើនឡើងនៅឆមាសទីមួយ នៃឆ្នាំ ២០២១ នេះ។
ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំ ២០២១ ការនាំចេញស្បែកជើងបានកើនដល់ ១៣,៣ ពាន់លានដុល្លារ កើនឡើងជិត ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ខណៈការនាំចេញកាបូបបានធ្លាក់ចុះ ៣,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ២,២៤ ពាន់លានដុល្លារ។
សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញស្បែកជើង និងកាបូបធំរបស់វៀតណាម ដែលស្មើនឹង ៤១ ភាគរយ និង ៤៤ ភាគរយនៃផលិតផលសរុប។ សហភាពអឺរ៉ុបជាប់ចំណាត់ថ្នាក់ទី ២ ជិត ២៣ ភាគរយ និង ២២ ភាគរយ នៃការនាំចេញស្បែកជើង និងកាបូប។
Lefaso បាននិយាយថា គម្លាតសង្គមយូរអង្វែងបានបង្ខំឲ្យរោងចក្រស្បែក និងស្បែកជើង ចំនួន ៨០ ភាគរយនៅក្នុងទីក្រុងហូជីមិញ, Dong Nai, Binh Duong, An Giang និង Kien Giang ដែលស្មើនឹង ៧០ ភាគរយនៃការនាំចូល និងនាំចេញរបស់ឧស្សាហកម្មនេះ បញ្ឈប់ផលិតកម្ម៕