ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg បានធ្លាក់ចុះជាង ៦ ពាន់លានដុល្លារ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះដោយធ្វើឲ្យលោកធ្លាក់ចេញពីលើបញ្ជីឈ្មោះអ្នកមានបំផុតនៅលើពិភពលោក បន្ទាប់ពីគេហទំព័រ Facebook ជួបបញ្ហាគាំងនៅទូទាំងពិភពលោក។
ជាមួយគ្នានេះដែរ វាបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ធ្លាក់ចុះ ៤,៩% កាលពីថ្ងៃច័ន្ទ បន្ថែមពីលើការធ្លាក់ចុះប្រហែល ១៥% ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក។
គួរឲ្យដឹងថា ការធ្លាក់ចុះភាគហ៊ុនកាលពីថ្ងៃច័ន្ទ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់ Zuckerberg ធ្លាក់ចុះដល់ ១២១,៦ ពាន់លានដុល្លារដោយទម្លាក់លោកនៅពីក្រោម Bill Gates ទៅលេខ ៥ នៃគេហទំព័រ Bloomberg Billionaires Index។
យ៉ាងណាមិញ ប្រសិនបើអ្នកទាំងអស់គ្នា ប្រទះជួបបញ្ហាមិនអាចប្រើប្រាស់ Facebook, Messenger ឬ WhatsApp បានកាលពីយប់មិញនេះ នោះគឺព្រោះតែបញ្ហាមកពីខាង Facebook ដោយមិនមែនមកពីអ៊ីនធើណេតរបស់អ្នកទេ៕