យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបិយប័ណ្ណមីយ៉ាន់ម៉ាបានបាត់បង់អស់ជាង ៦០% នៃតម្លៃរបស់ខ្លួន ចាប់តាំងពីដើមខែកញ្ញា ដែលធ្វើឲ្យតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈកើនឡើង នៅក្នុងសេដ្ឋកិច្ចដែលបានធ្លាក់ចុះ ចាប់តាំងពីរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ។
ជាមួយគ្នានេះដែរ ហាងលក់មាស និងប្តូរប្រាក់ជាច្រើនកន្លែងបានបិទទ្វារ ដោយសារតែភាពច្របូកច្របល់ ខណៈពេលដែលការធ្លាក់ចុះរបស់ប្រាក់ kyat របស់មីយ៉ាន់ម៉ា កំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ជាមួយនឹងការបញ្ចេញមតិផ្សេងៗគ្នាជាច្រើន។
គួររំលឹកឲ្យដឹងថា កាលពីខែសីហា ធនាគារកណ្តាលមីយ៉ាន់ម៉ា (Central Bank of Myanmar) បានព្យាយាមភ្ជាប់ប្រាក់ kyat ០,៨% ទៅផ្នែកម្ខាងនៃអត្រាយោងរបស់ខ្លួនធៀបនឹងប្រាក់ដុល្លារ ប៉ុន្តែបានបោះបង់ចោលដោយសារសម្ពាធលើអត្រាប្តូរប្រាក់កើនឡើង។
មិនតែប៉ុណ្ណោះ កង្វះប្រាក់ដុល្លារបានក្លាយជារឿងអាក្រក់ខ្លាំង ដែលអ្នកប្តូរប្រាក់មួយចំនួនបានបិទទ្វាររបស់ពួកគេ តែម្តង។
អ្នកប្តូរប្រាក់ម្នាក់បាននិយាយនៅលើបណ្តាញសង្គម Facebook ថា “ដោយសារតែអស្ថិរភាពតម្លៃរូបិយប័ណ្ណនៅពេលនេះ គ្រប់សេវាកម្ម Northern Breeze Exchange Service ទាំងអស់ បានបិទទ្វារជាបណ្តោះអាសន្ន”។
ដោយឡែក អ្នកដែលនៅតែដំណើរការ បានដាក់អត្រា ២ ៧០០ kyat ក្នុងមួយដុល្លារ បើប្រៀបធៀបទៅនឹង ១ ៦៩៥ kyat កាលពីថ្ងៃទី១ ខែកញ្ញា និង ១ ៣៩៥ kyat កាលពីថ្ងៃទី១ ខែកុម្ភៈ៕