យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ជិត ៦០០ នាក់ កំពុងប្រឈមនឹងការបណ្តេញចេញ បន្ទាប់ពីខកខានមិនបានអនុវត្តតាមគោលការណ៍ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន។
ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើននៃបុគ្គលិកចំនួន ៦៧ ០០០ នាក់របស់ក្រុមហ៊ុនខាងលើ បានផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំងដែលត្រូវបានទាមទារ។
យ៉ាងណាមិញ ថៅកែក្រុមហ៊ុន United Airlines បាននិយាយនៅក្នុងសារមួយទៅកាន់បុគ្គលិកថា “វាគឺជាការសម្រេចចិត្តដ៏ពិបាកបំផុតមួយ”។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុង Chicago នេះ បានកំណត់តម្រូវឲ្យបុគ្គលិកទាំងអស់របស់ខ្លួន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ កាលពីខែសីហា។ រហូតមកដល់ពេលនេះ មានបុគ្គលិកចំនួន ៥៩៣ នាក់ បានបដិសេធការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយមិនបានដាក់ពាក្យសុំការលើកលែង និងកំពុងប្រឈមនឹងការបាត់បង់ការងារ៕