ក្រុមហ៊ុន Facebook បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ខ្លួននៅសហរដ្ឋអាមេរិក និងកាណាដា បានធ្លាក់ចុះ ២ លាននាក់ ដោយធ្លាក់ចុះពី ១៩៨ លាននាក់នៅត្រីមាសទី ២ មកសល់ត្រឹម ១៩៦ លាននាក់នៅត្រីមាសទី ៣ ។
ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់សកម្មប្រចាំខែរបស់ Facebook ក៏បានធ្លាក់ចុះ ១ លាននាក់ដែរ គឺធ្លាក់ចុះពី ២៥៦ លាននាក់ មកដល់ត្រឹម ២៥៥ លាននាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Dave Wehner ដែលជា Facebook CFO បាននិយាយថា ការថយចុះនេះបានកើតឡើង បន្ទាប់ពីអ្នកប្រើប្រាស់កើនឡើងខ្លាំងក្នុងអំឡុងពេលប៉ុន្មានខែដំបូងនៃជំងឺរាតត្បាតកូវីដ១៩។
គួររំលឹកឲ្យដឹង Facebook បានរាយការណ៍ថាមានអ្នកប្រើប្រាស់ប្រចាំថ្ងៃ ១៩៥ លាននាក់នៅអាមេរិក និងកាណាដា នៅត្រីមាសទី ១ មុនពេលដែលចំនួននេះកើនឡើងដល់ ១៩៨ លាននាក់នៅក្នុងត្រីមាសទី ២ ខណៈអ្នកប្រើប្រាស់សកម្មប្រចាំខែ បានកើនឡើងពី ២៥៣ លានទៅ ២៥៦ លាននាក់ ពីត្រីមាសទី ១ ឆ្នាំ ២០២០ ដល់ត្រីមាសទី ២ ឆ្នាំ ២០២០។
ការប្រើប្រាស់បណ្តាញសង្គមរបស់ជនជាតិអាមេរិក និងកាណាដា បានកើនឡើងក្នុងអំឡុងពេលនៃការបញ្ជាឲ្យស្នាក់នៅផ្ទះ ដោយសារតែខ្លាចឆ្លងជំងឺកូវីដ១៩៕