ក្រុមហ៊ុន Xiaomi របស់ចិនបានវ៉ាដាច់ក្រុមហ៊ុន Apple ជាលើកដំបូង ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី ៣ នៅលើពិភពលោក ដោយការនាំចេញនៅក្នុងខែកក្កដាដល់ខែកញ្ញា ដោយទាត់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ ចេញពីចំណាត់ថ្នាក់កំពូលទាំង ៣ នៅលើពិភពលោកជាលើកដំបូង ក្នុងរយៈពេល ១០ ឆ្នាំ។
ក្រុមហ៊ុនស្មាតហ្វូនកំពូលៗទាំង ៣ នៅលើពិភពលោកឥឡូវនេះសុទ្ធតែមកពីអាស៊ី។ នេះបើយោងតាមទិន្នន័យពី Canalys, IDC និង Counterpoint Research។ ស្ថិតិចុងក្រោយបានបង្ហាញថា ក្រុមហ៊ុន Apple បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណូល ២៩ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន នៅទីផ្សារប្រទេសចិន ក្នុងរយៈពេល ៣ ខែចុងក្រោយ គិតមកដល់ខែកញ្ញា។
ដោយឡែក ក្រុមហ៊ុន Xiaomi បានឃើញការនាំចេញកើនឡើង ៤៦ ភាគរយ សម្រាប់រយៈពេល ៣ ខែចុងក្រោយ គិតត្រឹមខែកញ្ញានេះ បើធៀបនឹងឆ្នាំមុន ដោយបានចែកចាយទូរសព្ទចំនួន ៤៦,២ លានគ្រឿង។ នេះបើយោងតាមទិន្នន័យរបស់ Counterpoint។ ម៉្យាងវិញទៀតក្រុមហ៊ុន Apple បានធ្លាក់ចុះក្នុងការនាំចេញ ៧ ភាគរយបើធៀបនឹងឆ្នាំមុន ដោយលក់ទូរសព្ទបានចំនួន ៤១,៧ លានគ្រឿង នៅចន្លោះខែកក្កដាដល់ខែកញ្ញា។
មិនតែប៉ុណ្ណោះ Canalys បាននិយាយថា ក្រុមហ៊ុន Apple បានឃើញការធ្លាក់ចុះក្នុងការនាំចេញ ១ ភាគរយ ខណៈពេលដែលក្រុមហ៊ុន Xiaomi បានកើនឡើង ៤៥ ភាគរយ បើធៀបនឹងឆ្នាំមុន ក្នុងរយៈពេលដូចគ្នា។ ជាមួយគ្នានេះដែរ IDC ក៏បានឲ្យដឹងថា ការនាំចេញរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះច្រើនជាង ១០ ភាគរយ ខណៈពេលដែលក្រុមហ៊ុន Xiaomi កើនឡើង ៤២ ភាគរយ៕