ក្រុមហ៊ុន Ford បានប្រកាសពីប្រាក់ចំណេញសរុបនៅត្រីមាសទី ៣ របស់ខ្លួន ដោយវាឡើងខ្លាំងជាងការរំពឹងទុក ដោយសារតែតម្រូវការរថយន្ត និងរថយន្តដឹកទំនិញបានងើបឡើងវិញ បន្ទាប់ពីមានការបិទទ្វារដោយសារជំងឺកូវីដ១៩។
ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើនេះបាននិយាយថា ខ្លួនរកប្រាក់បាន ២,៣៩ ពាន់លានដុល្លារ ឬ ៦០ សេនក្នុងមួយហ៊ុន នៅពេលរោងចក្របានវិលមករកសភាពធម្មតាវិញ បន្ទាប់ពីជំងឺរាតត្បាតបានបង្ខំឲ្យពួកគេបិទទ្វារកាលពីដើមឆ្នាំកន្លងទៅនេះ។
គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនរំពឹងថានឹងមាននៅក្នុងត្រីមាសទី ៣ ដ៏ស្វិតស្វាញមួយ ដោយសារតែពួកគេមិនបានដឹងថា តើតម្រូវការ និងផលិតកម្មប៉ុន្មាន នឹងងើបឡើងវិញបន្ទាប់ពីវីរុសនេះ។ ប៉ុន្តែក្រុមហ៊ុន Ford ឃើញថា ការលក់របស់សហរដ្ឋអាមេរិក ធ្លាក់ចុះតែ ៥ ភាគរយប៉ុណ្ណោះរហូតមកទល់ពេលនេះ ដោយភាគច្រើនដោយសារតែការលក់យឺតដល់អ្នកទិញច្រើនគ្រឿង។
ក្នុងពេលជាមួយគ្នានេះដែរ Ford មានត្រីមាសដ៏ល្អបំផុតសម្រាប់ការលក់រថយន្តភីកអាប់ ចាប់តាំងពីឆ្នាំ ២០០៥ ហើយរថយន្តទាំងនោះមានតម្លៃខ្ពស់ជាងរថយន្តដទៃទៀត។ តម្លៃលក់រថយន្តជាមធ្យមរបស់ក្រុមហ៊ុន Ford គឺ ៤៥ ៥៩៩ ដុល្លារសម្រាប់ត្រីមាសនេះ ដែលកើនឡើង ៨ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមគេហទំព័រកំណត់តម្លៃរថយន្តស្វ័យប្រវត្តិ Edmunds.com។
ក្រុមហ៊ុន Ford ក៏ទទួលបានចំណែកទីផ្សារ ៥ ភាគរយនៅសហរដ្ឋអាមេរិកផងដែរ៕