យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Bamboo Airways របស់ប្រទេសវៀតណាម បានធ្វើការហោះហើរត្រង់លើកដំបូងរបស់ខ្លួន ពីប្រទេសវៀតណាមទៅកាន់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃព្រហស្បតិ៍។
ជើងហោះហើរ QH9149 ដោយប្រើយន្តហោះ Boeing 787-9 Dreamliner បានចេញដំណើរនៅម៉ោង ៧ និង ៥៥ នាទីយប់ ពីអាកាសយានដ្ឋាន Noi Bai Airport ទីក្រុងហាណូយ ទៅ San Francisco។
វាគឺជាជើងហោះហើរត្រង់ទី១ ក្នុងចំណោម ១២ ដែលហោះហើរត្រង់រវាងវៀតណាម និងអាមេរិក ដែលក្រុមហ៊ុន Bamboo Airways ទទួលបានការយល់ព្រមពីរដ្ឋបាលសន្តិសុខដឹកជញ្ជូន (TSA) ត្រូវបានគេរំពឹងថា នឹងចំណាយពេលលើសពី ១៤ ម៉ោង។
ក្រុមអាកាសយានិករួមមានអ្នកបើកយន្តហោះ ៤ នាក់, អ្នកបម្រើការលើយន្តហោះ ១៤ នាក់ និងអ្នកបច្ចេកទេស ព្រមទាំងអ្នកត្រួតពិនិត្យនៅខាងក្រោម (ground controllers) ជាច្រើននាក់ ដើម្បីបំពេញមុខងារចាំបាច់នៅអាកាសយានដ្ឋាន San Francisco Airport។
លោក Nguyen Manh Quan អគ្គនាយករងក្រុមហ៊ុន Bamboo Airways បាននិយាយថា ជើងហោះហើរនេះគឺជាប្រវត្តិសាស្ត្រមួយ មិនត្រឹមតែសម្រាប់ Bamboo Airways ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ឧស្សាហកម្មអាកាសចរណ៍វៀតណាមទៀតផង៕