ក្រុមហ៊ុន Ford Motor Co បាននិយាយថា ខ្លួននឹងបង្កើនសមត្ថភាពផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning របស់ខ្លួនដល់ ៨០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដោយសារតែតម្រូវការខ្លាំងសម្រាប់រថយន្តភីកអាប់អគ្គិសនីនេះ ដោយបន្ថែមថា វានឹងដាក់លក់នៅនិទាឃរដូវក្រោយ។
ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើបាននិយាយថា ខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់ ២៥០ លានដុល្លារអាមេរិក និងបន្ថែមការងារ ៤៥០ ម៉ោងក្នុងមួយកន្លែង នៅតាមបណ្តារោងចក្រចំនួន ៣ របស់រដ្ឋ ដើម្បីលើកកម្ពស់ការផលិតរថយន្តនេះ។
គួរឲ្យដឹងថា រថយន្ត F-150 Lightning ទទួលបានការកក់លើសពី ១៥ ម៉ឺនគ្រឿងហើយរហូតមកដល់បច្ចុប្បន្ន ខណៈត្រកូល F-150 នេះ ជាភីកអាប់ដែលលក់ដាច់ និងមានប្រជាប្រិយភាពបំផុត។
លោក Bill Ford ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Ford បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណាប់អារម្មណ៍ពីសាធារណជន បានលើសពីការរំពឹងទុកខ្ពស់បំផុតរបស់យើងទៅទៀត”។
យ៉ាងណាមិញ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ មានគោលដៅផលិតរថយន្ត F-150 Lightning ជាង ៨ម៉ឺនគ្រឿងក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងពីគោលដៅមុនរបស់ខ្លួន ជាង ៤ ម៉ឺនគ្រឿងឯណោះ៕