ក្រុមហ៊ុនផលិតទូរសព្ទ នឹងត្រូវបង្ខំចិត្តបង្កើតដំណោះស្រាយសាកថ្មជាសកលមួយសម្រាប់ទូរសព្ទ និងឧបករណ៍អេឡិចត្រូនិកតូចៗក្រោមច្បាប់ថ្មីដែលស្នើឡើងដោយគណៈកម្មការអឺរ៉ុប European Commission (EC)។
គោលបំណង គឺដើម្បីកាត់បន្ថយការខ្ជះខ្ជាយ ដោយលើកទឹកចិត្តអ្នកប្រើប្រាស់ឲ្យប្រើឆ្នាំងសាកដែលមានស្រាប់ឡើងវិញ នៅពេលទិញឧបករណ៍ថ្មី។ ច្បាប់ថ្មីនេះមានន័យថា ស្មាតហ្វូនទាំងអស់ដែលលក់នៅសហភាពអឺរ៉ុប ត្រូវតែមានឆ្នាំងសាក USB Type-C។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple បានព្រមានថា ការផ្លាស់ប្តូរបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការច្នៃប្រឌិត។
យ៉ាងណាមិញ ច្បាប់ថ្មីខាងលើនឹងទាមទារឲ្យរន្ធដោយសាកថ្មលើតួខ្លួនឧបករណ៍ ជាប្រភេទ USB Type-C ខណៈពេលដែលក្បាលឌុយដែលប្រើសម្រាប់ភ្ជាប់ជាមួយដុំសាក អាចជា USB Type-C ឬ Type-A។
មិនតែប៉ុណ្ណោះ ច្បាប់នេះនឹងត្រូវប្រើលើឧបករណ៍ដូចជា ស្មាតហ្វូន, ថេប្លេត, កាមេរ៉ា, កាស, ឧបករណ៍បំពងសំឡេងអាចយកតាមខ្លួនបាន និង ឧបករណ៍ហ្គេមអាចកាន់លេងបាន៕