ក្រុមហ៊ុន Honda Motor Co បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងកំណត់គោលដៅការលក់ប្រចាំឆ្នាំដំបូង ចំនួន ៧ ម៉ឺនគ្រឿងសម្រាប់រថយន្តអគ្គិសនីថ្មីម៉ូដែល Prologue នៅពេលវាចេញលក់នៅឆ្នាំ ២០២៤។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Honda គ្រោងនឹងបន្ថែមម៉ូដែលរថយន្តអគ្គិសនីបន្ថែមទៀត ដោយមានបំណងលក់រថយន្តប្រភេទនេះឲ្យបានសរុបចំនួន ៥០ ម៉ឺនគ្រឿងនៅសហរដ្ឋអាមេរិក ត្រឹមឆ្នាំ ២០៣០ និងដើម្បីសម្រេចបាននូវការលក់រថយន្តដែលគ្មានការបំភាយកាបូន ១០០ ភាគរយនៅអាមេរិកខាងជើង ត្រឹមឆ្នាំ ២០៤០ ។
ការកំណត់គោលដៅនេះបានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីខែមុន ដោយកំណត់គោលដៅធ្វើឲ្យពាក់កណ្តាលនៃរថយន្តដឹកអ្នកដំណើរថ្មីទាំងអស់ ដែលត្រូវលក់ក្នុងឆ្នាំ ២០៣០ ជារថយន្តគ្មានការបំភាយកាបូន។
គួរឲ្យដឹងថា រថយន្ត Honda Prologue ត្រូវបានចូលរួមផលិតជាមួយនឹងក្រុមហ៊ុន General Motors Co ហើយវានឹងចេញលក់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះតែម្តង៕