នៅថ្ងៃអង្គារទី ២១ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុន Facebook បានប្រកាសចេញលក់ឧបករណ៍ video chat ឬ video calling ចំនួន ២ ម៉ូដែលទៀត ហៅថា Portal Go និង Portal+ ដែលអាចយកតាមខ្លួនបាន។
ក្រុមហ៊ុនបណ្តាញសង្គមយក្សខាងលើនេះបាននិយាយថា ខ្លួនកំពុងសាកល្បងជាមួយក្រុមហ៊ុនអាមេរិកមួយចំនួន នូវសេវាកម្មមួយសម្រាប់អាជីវកម្ម ដើម្បីគ្រប់គ្រងគណនី និងឧបករណ៍ការងាររបស់ Portal ពីចម្ងាយ។
ទោះជាយ៉ាងណាក៏ដោយ Facebook មិនបានផ្តល់តួលេខនៃការលក់ជាក់លាក់របស់ Portal ឡើយ ប៉ុន្តែអ្នកនាំពាក្យម្នាក់បាននិយាយថា វាមានការកើនឡើងក្នុងការលក់ និងការប្រើប្រាស់ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ស្របពេលដែលក្រុមហ៊ុនជាច្រើនបានប្តូរទៅធ្វើការពីចម្ងាយ ហើយមនុស្សកាន់តែច្រើននៅផ្ទះ ក្រោមវិធានការបិទខ្ទប់។
ក្រុមហ៊ុន Facebook បានឲ្យដឹងថា ឧបករណ៍ video chat ឬ video calling ហៅថា Portal Go មានតម្លៃ ១៩៩ដុល្លារ ហើយ Portal+ មានតម្លៃ ៣៤៩ដុល្លារ។ ពួកវាទាំងពីរនេះនឹងត្រូវចេញលក់ជាផ្លូវការនៅថ្ងៃទី១៩ ខែតុលា៕