ក្រុមហ៊ុនផលិតរថយន្តនៅទ្វីបអឺរ៉ុប កំពុងបោះជំហានទៅមុខយ៉ាងលឿនឆ្ពោះទៅរករថយន្តអគ្គិសនី ដើម្បីតាមឲ្យទាន់នូវការហាមឃាត់នាពេលខាងមុខ លើការលក់រថយន្តដែលដំណើរការដោយម៉ាស៊ីនចំហេះក្នុង។ ទោះជាយ៉ាងណាក៏ដោយ វាមិនមានន័យថា ក្រុមហ៊ុនផលិតរថយន្តនៅផ្នែកផ្សេងទៀតនៃពិភពលោក កំពុងខកខាននូវនិន្នាការថ្មីនោះទេ។
ជាក់ស្តែង ក្រុមហ៊ុន Tata Motors របស់ប្រទេសឥណ្ឌារំពឹងថា រថយន្តអគ្គិសនីនឹងមានចំណែក ២៥ ភាគរយនៃការលក់សរុបរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ វាមានន័យថា រថយន្តថ្មីមួយក្នុងចំណោម ៤ គ្រឿង ដែលលក់ដោយ Tata Motors នឹងជារថយន្តអគ្គិសនី។
គួរឲ្យដឹងដែរថា ការរំពឹងទុកខាងលើនេះនឹងអាចសម្រេចបាន ដោយសារការបញ្ចុះតម្លៃនៃការចំណាយលើរថយន្តអគ្គីសនី ដោយសារតែអាគុយមានតម្លៃថោកជាងមុន និងការកើនឡើងនៃការចំណាយលើយានយន្តដែលដំណើរការដោយម៉ាស៊ីនចំហេះក្នុង។
បើយោងតាមក្រុមហ៊ុន Autocar India បានរាយការណ៍ថា ក្រុមហ៊ុន Tata Motors គឺជាអ្នកនាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនី នៅប្រទេសឥណ្ឌា ជាមួយនឹងចំណែកទីផ្សារ ៧០ ភាគរយ។ យ៉ាងណាមិញ ទីផ្សាររថយន្តអគ្គិសនីក្នុងស្រុកនៅតែតូចចង្អៀតសម្រាប់ក្រុមហ៊ុននេះ ក្នុងការវិនិយោគលើរថយន្តអគ្គិសនីសុទ្ធ៕