ក្រុមហ៊ុន Apple Inc បាននិយាយកាលពីថ្ងៃអង្គារថា វានឹងធ្វើកម្មវិធីពិសេសមួយ នៅថ្ងៃទី១៤ ខែកញ្ញា ដែលគេជឿជាក់ថា នឹងប្រើដើម្បីដាក់បង្ហាញនូវ iPhone ជំនាន់ថ្មី ពោលគឺ iPhone 13 តែម្តង។
គួរឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០១៣ មក ក្រុមហ៊ុន Apple តែងតែដាក់បង្ហាញ iPhone ជំនាន់ថ្មីរបស់ខ្លួន ក្នុងអំឡុងខែកញ្ញា។
ទោះបីជាយ៉ាងណាក៏ដោយ iPhone 13 ត្រូវគេរំពឹងថា មិនមានការផ្លាស់ប្តូរច្រើនឡើយ បើប្រៀបធៀបជាមួយនឹង iPhone 12 ឆ្នាំមុន ប៉ុន្តែអ្វីដែលគេជឿជាក់ថានឹងថ្មីនោះ គឺ Processor ក៏ដូចជា ប្រព័ន្ធកាមេរ៉ារបស់វា។
បើយោងតាមរបាយការណ៍ពី Bloomberg បានឲ្យដឹងថា iPhone 13 ទំនងជានឹងមានមុខងារ Portrait សម្រាប់ការថតវីដេអូ ហើយថែមទាំងមាន format ដែលអាចថតវីដេអូបានគុណភាពខ្ពស់ជាងមុនទៀតផង។
យ៉ាងណាមិញ ក្រុមហ៊ុន Apple មិនបានធ្វើការឆ្លើយតបអ្វីឡើយទៅលើរបាយការណ៍ទាំងនោះ ក្រៅពីការអញ្ជើញអ្នកសារព័ត៌មានឲ្យចូលរួមនៅថ្ងៃនោះ៕