យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អែលសាល់វ៉ាឌ័រ (El Salvador) បានក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលទទួលយក Bitcoin ជាការទូទាត់ស្របច្បាប់ នៅក្នុងចលនាមួយដែលធ្វើឲ្យប្រទេសនេះ និងពិភពលោក ជជែកវែកញែកគ្នាអំពីឱកាស និងគ្រោះថ្នាក់នៃរូបិយប័ណ្ណឌីជីថលមួយនេះ។
តាមរយៈច្បាប់ថ្មីរបស់ប្រទេសអែលសាល់វ៉ាឌ័រ ចាប់ពីថ្ងៃនេះតទៅ អាជីវកម្មទាំងអស់នឹងមានកាតព្វកិច្ចតាមលទ្ធភាពដែលអាចទទួលយកកាក់ឌីជីថល Bitcoin ជាការទូទាត់ស្របច្បាប់។
ជាមួយគ្នានេះ មនុស្សរាប់លាននាក់ក្នុងប្រទេសអែលសាល់វ៉ាឌ័រ ត្រូវបានគេរំពឹងថា នឹងទាញយកកម្មវិធីកាបូបឌីជីថលថ្មីរបស់រដ្ឋាភិបាល ដែលផ្តល់ប្រាក់ចំនួន ៣០ ដុល្លារនៅក្នុង Bitcoin ដល់ពលរដ្ឋគ្រប់រូប។
គួរឲ្យដឹងដែរថា អ្នកគាំទ្រ Bitcoin នៅជុំវិញពិភពលោក បានទិញកាក់ឌីជីថលដែលមានតម្លៃ ៣០ ដុល្លារ ជាការបង្ហាញពីការគាំទ្រនិងជួយបង្កើនតម្លៃរូបិយប័ណ្ណឌីជីថលមួយនេះទៀតផង៕