យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុវៀតណាម ចង់បានការប្រកួតកីឡាបាល់ទាត់ពិភពលោកកាន់តែច្រើនបន្ថែមទៀត នៅក្នុងបញ្ជីដែលមនុស្សខ្លួនអាចភ្នាល់បាន។
ការប្រកួតកីឡាបាល់ទាត់ពិភពលោកដែលកំពុងមានក្នុងបញ្ជីអាចភ្នាល់បានរបស់វៀតណាម មានសរុបចំនួន ២៧ ដូចជា លីកចំនួន ១៥ នៅទ្វីបអឺរ៉ុប, អាស៊ី, អាមេរិកខាងជើង និងអាមេរិកខាងត្បូង និងការប្រកួតចំនួន ១២ ដែលធ្វើឡើងរៀងរាល់ ២ ឬ ៤ ឆ្នាំម្តង។
អ្នកភ្នាក់នឹងត្រូវបានអនុញ្ញាតឲ្យភ្នាល់លើការប្រកួតដែលវៀតណាមលេង រួមមានការប្រកួតបាល់ទាត់ពិភពលោក World Cup, ពានរង្វាន់ AFC U-23 Championship, អូឡាំពិក, Asian Cup និង U-20 World Cup ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការភ្នាល់អប្បបរមា និងអតិបរមា លើការប្រកួតបាល់ទាត់, ការប្រណាំងសេះ និងការប្រណាំងឆ្កែ នឹងមិនផ្លាស់ប្តូរពីឆ្នាំ ២០១៧ ឡើយ ពោលគឺនៅតែ ១០ ០០០ ដុង (ប្រហែល ០,៥០ ដុល្លារ) និង ១ លានដុង (ប្រហែល ៤៥ដុល្លារ)។
គួរឲ្យដឹងដែរថា រដ្ឋាភិបាលវៀតណាម បានចេញច្បាប់កាលពីឆ្នាំ ២០១៧ ដោយអនុញ្ញាតឲ្យជនជាតិវៀតណាមភ្នាល់លើការប្រកួតបាល់ទាត់ទាំងអស់ ដែលគ្រប់គ្រងដោយ FIFA។ ប៉ុន្តែល្បែងស៊ីសងនៅតែខុសច្បាប់នៅវៀតណាមដដែល៕