ក្រុមហ៊ុន Toyota Motor Corporation បាននិយាយនៅថ្ងៃអង្គារទី ៧ ខែកញ្ញា នេះថា ខ្លួនរំពឹងថានឹងចំណាយប្រាក់ជាង ១៣,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍន៍អាគុយ និងប្រព័ន្ធផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីក្លាយជាអ្នកឈានមុខគេ នៅក្នុងវិស័យបច្ចេកវិទ្យារថយន្តដ៏សំខាន់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
ក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតនៅលើពិភពលោក ដែលបានត្រួសត្រាយផ្លូវរថយន្តប្រើ Hybrid ជាមួយរថយន្ត Prius ដ៏ពេញនិយមឥឡូវនេះ កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីផ្តល់នូវរថយន្តដែលមានដំណើរការដោយថាមពលអគ្គិសនីគ្រប់ម៉ូដែល ដំបូងគេបង្អស់ នៅឆ្នាំក្រោយ។
ដោយត្រូវបានគេចាត់ទុកថាជាអ្នកឈានមុខគេក្នុងការអភិវឌ្ឍអាគុយសម្រាប់រថយន្តអគ្គិសនី ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនមានបំណងកាត់បន្ថយការចំណាយលើអាគុយរបស់ខ្លួន ៣០ ភាគរយ ឬច្រើនជាងនេះ ដោយគិតគូរលើវត្ថុធាតុដើមដែលបានប្រើនិងរបៀបដែលអាគុយអគ្គិសនីត្រូវបានរៀបចំឡើង។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន Toyota ក៏ជាអ្នកឈានមុខគេក្នុងការផលិតអាគុយរឹង (solid-state batteries) ដែលជាអ្នកផ្លាស់ប្តូរហ្គេមដ៏មានសក្តានុពលមួយផងដែរ ព្រោះពួកវាមានថាមពលខ្លាំង, សាកបានលឿន និងមិនងាយឆេះ។ ប្រសិនបើអភិវឌ្ឍដោយជោគជ័យពួកវានឹងអាចជំនួសអាគុយលីចូម-អ៊ីយ៉ុងរាវ (liquid lithium-ion batteries) បាន៕