ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន Philippine Airlines បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ខ្លួនកំពុងដាក់ពាក្យប្រកាសពីការក្ស័យទុននៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយបំណុលចំនួន ២ ពាន់លានដុល្លារ ខណៈដែលខ្លួនកំពុងព្យាយាមរស់ ក្រោយរងគ្រោះដោយសារជំងឺកូវីដ១៩។
ក្រុមហ៊ុនអាកាសចរណ៍ជាតិហ្វីលីពីនខាងលើ បាននិយាយទៀតថា ការប្រកាសនេះនឹងអនុញ្ញាតឲ្យវារៀបចំកិច្ចសន្យាឡើងវិញ និងកាត់បន្ថយបំណុលយ៉ាងតិច ២ ពាន់លានដុល្លារ ខណៈទទួលបានដើមទុនថ្មីចំនួន ៦៥៥ លានដុល្លារវិញ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងកាត់បន្ថយបុគ្គលិករបស់ខ្លួន ២៥% ហើយចរចាឡើងវិញនូវកិច្ចសន្យា ដើម្បីកាត់បន្ថយការទូទាត់ថ្លៃជួល។
អនុប្រធានជាន់ខ្ពស់ និងជាប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Philippine Airlines លោក Nilo Thaddeus Rodriguez បាននិយាយនៅក្នុងសារវីដេអូមួយថា “ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីននឹងបន្តប្រតិបត្តិការជាធម្មតា ខណៈកំពុងបញ្ចប់ការរៀបចំរចនាសម្ព័ន្ធ និងអង្គភាពរបស់វាឡើងវិញ”។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយអ្នកផ្គត់ផ្គង់ អ្នកផ្តល់ប្រាក់កម្ចី និងអ្នកផ្តល់កម្ចី លោក Rodriguez បាននិយាយថា Philippine Airlines នឹងធានា ៥០៥ លានដុល្លារ ដើម្បីអនុវត្តផែនការស្តារឡើងវិញ។ ប្រាក់នេះនឹងបម្លែងទៅជាភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ និងបំណុលរយៈពេលវែង៕